Home

សូមស្វាគមន៏ចូលមកកាន់ចែករំលែកកូនខ្មែរ

កម្ពុជា​គួរ​បញ្ចប់​វប្បធម៌​កាត់​ទោស​ដោយ​ហ្វូង​មហាជន

131014_02
ពិធី​ដង្ហែសព​ស្ត្រី និង​កូន​ស្រី ដែល​ត្រូវ​ប្តី​​និង​ឪ​ពុក​អប្រិយ​កាប់​សម្លាប់​នៅ​ខេត្ត​កំពង់​ចាម​​ពី​ ថ្ងៃ​​ទី២​តុលា​។ រូបថត ​ជីវ័ន
ខណៈ​ដែល កម្ពុជា​កំពុង​តែ​ត្រៀម​ខ្លួន បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​ការ​កាត់​បន្ថយ​នូវ​រាល់​ទម្រង់​នៃ​ការ​រើសអើង ប្រឆាំង​នឹង​ស្ត្រី (CEDAW) តាមរយៈ​ក្រសួង កិច្ចការ​នារី នៅ​អង្គការ​សហ​ប្រជាជាតិ នា​ទីក្រុង ហ្សឺណែវ ប្រទេស ស្វ៊ីស កាល​ពី​ថ្ងៃ​ទី ៨ ខែ តុលា ឆ្នាំ ២០១៣ កន្លង​ទៅ​នេះ មុន​មួយ​សប្តាហ៍​នៃ​បទ​បង្ហាញ​នេះ មាន​ហេតុ​ការណ៍​អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី​ដ៏​សាហាវ​យង់ឃ្នង​មួយ កើត​ឡើង​លើ​គ្រួសារ​មួយ​នៅ​ស្រុក ព្រៃឈរ ខេត្ត កំពង់ចាម គឺ​បុរស​ជា​ប្តី បាន​ប្រើ​កំាបិត​ខ្វែវ​កាប់​សម្លាប់​ប្រពន្ធ និង​កូន​ស្រី​ចុង ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ចុះ​ផ្សាយ​ស្ទើរ​តែ​គ្រប់​សារព័ត៌មាន ក្នុង​ស្រុក​យ៉ាង​ព្រោង​ព្រាត។
ទោះ​បី​ជា​ទិន្នន័យ​ថ្នាក់​ជាតិ គឺ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ការ​ថយ​ចុះ​ពី​ស្ត្រី​ម្នាក់​ក្នុង​ចំណោម ​៤ នាក់​ទទួល​រង​អំពើ​ហិង្សា​ពី​ប្តី ហើយ​ឥឡូវ​ធ្លាក់​ចុះ​មក​ត្រឹម​ស្ត្រី ម្នាក់​ក្នុង​ចំណោម​ស្ត្រី ៥ នាក់​ទទួល​រង​អំពើ​ហិង្សា​ពី​បុរស​ជា​ប្តី (CDHS, 2005 & MoWA, 2009) ក៏​ដោយ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា ពុំ​ឃើញ​មាន​ទាំង​ស្ថាប័ន​រដ្ឋាភិបាល និង​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើការ​ជាមួយ​នឹង​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី និង​លើក​ស្ទួយ​ផ្នែក​យេនឌ័រ​ដែល​អង្គការ​ទាំង​នោះ​មួយ​ចំនួន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ការ​ហាក់​បី​ដូច​ជា​ការ​ប្រកួត​ប្រជែង​ទីផ្សារ​គ្នា​អ៊ីចឹង មិន​បាន​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​ជា​សារធារណៈ ប្រឆាំង​ទៅ​នឹង​ការ​ប្រព្រឹត្ត​អំពើ​កាច​សាហាវ​របស់​បុរស​មក​លើ​ស្ត្រី និង​កូន​ស្រី​ចុង​នេះ​ទេ។ នេះ​គឺជា​បញ្ហា​មួយ​នៅ​ក្នុង​ករណី​មួយ។
នៅ ក្នុង​ហេតុការណ៍​តែ​មួយ​នេះ មាន​កើត​ឡើង​នូវ​ករណី​មួយ​ទៀត​នោះ​គឺ​បុរស​ជា​ប្តី​នោះ ត្រូវ​បាន​សម្លាប់​ដោយ​ហ្វូង​មហាជន​ជាង ៥០០ នាក់​ដែល​ខឹង​សម្បា​ទៅ​នឹង​អំពើ កាប់​សម្លាប់​ដ៏​សាហាវ​ទៅ​លើ​ប្រពន្ធ និង​កូន​ស្រី​ចុង​នោះ ដោយ​ពួក​គេ​មាន​ជំនឿ​ថា ឈាម​ត្រូវ​សង​ដោយ​ឈាម ហើយ​សង្គម​មើល​ទៅ​ហាក់​បី​ដូច​ជា​ការ​ទទួល​យក​ការ​កាត់​ទោស​បែប​នេះ​ដែរ។ រីឯ​មន្ត្រី​នគរបាល​ក៏​ទទួល​ស្គាល់​ថា​មាន​គ្នា​តិច មិន​អាច​ទប់​ទល់​នឹង​កំហឹង​កម្លាំង​អ្នក​ស្រុក​ទាំង​នោះ​បាន។
ជាមួយ​គ្នា​នេះ​ដែរ អំពើ​កាប់​សម្លាប់​គ្នា​ទាំង​ពីរ​ករណី​នេះ ធ្វើ​ឲ្យ​មាន​មតិ​ប្រជា​ពលរដ្ឋ​ទូទៅ​តែង​តែ​លើក​ឡើង​ថា របប ប៉ុល ពត វិល​ត្រឡប់​ចូល​ស្រុក​វិញ​ហើយ គឺ​ព្រៃផ្សៃ​ណាស់ មនុស្ស​កាប់​សម្លាប់​មនុស្ស​ដូច​កាល​ពី​ជំនាន់ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ​អ៊ីចឹង ឬ​មួយ​ការ​ប្រៀប​ធៀប​ការ​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ដូច​ទៅ​នឹង​ការ​រស់​នៅ​ជា​ លក្ខណៈ​កុលសម្ព័ន្ធ​បុរាណ​ដែល​មិន​មាន​ច្បាប់ នោះ​ឬ​មួយ​ក៏​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​នឹង​របប តាលីបង់ ជ្រុល​និយម​នៃ​ប្រទេស អាហ្វហ្គានីស្ថាន ដែល​ស្រ្តី​ត្រូវ​គេ​សម្លាប់​ដោយ​ហ្វូង​មហាជន ដោយ​យក​លេស​ផ្សេងៗ​ដែល​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ទម្លាប់​របស់​ពួក​គេ។ ចំណែក​ឯ អ្នក​ស្រាវជ្រាវ​ពី​ចិត្តសាស្ត្រ​សង្គម​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​វិញ គឺ​គេ​យល់​ឃើញ​ថា នេះ​គឺ​កាកសំណល់​ពី​ស្នាម​ទុគ៌ត​នៃ​សង្គ្រាម​នៅ​ក្នុង​ស្រុក​ខ្មែរ​ជាង ៣ ទសវត្សរ៍​កន្លង​ទៅ​នេះ ដែល​អំពើ​ហិង្សា​បែប​នេះ​នៅ​តែ​ប៉ះពាល់​មនុស្ស​ជំនាន់​ក្រោយ​រហូត​មក​ដល់​ សង្គម​ខ្មែរ​សព្វ​ថ្ងៃ​នេះ។ ករណី ទី២​នេះ ក៏​គ្មាន​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ ដែល​ប្រឆាំង​ទៅ​នឹង​ការ​សម្លាប់​ក្រៅ​ច្បាប់ ដែល​កាត់​ទោស ដោយ​ហ្វូង​មហាជន (Mob killing) នេះ​ដែរ។ ថា​តើ​មូលហេតុ​អ្វី​បាន​ជា​គេ​នៅ​តែ​ដោះស្រាយ​តាម​រយៈ​ការ​សម្លាប់​ដោយ ហ្វូង​មហាជន​បែប​នេះ មិន​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ស្រាប់? តើ​មក​ពី​ប្រជា​ពលរដ្ឋ​ទាំង​នោះ មិន​មាន​ជំនឿ​ទៅ​លើ​ប៉ូលិស​យុត្តិធម៌ និង​ប្រព័ន្ធ​តុលាការ?
បើ​ទោះ​បី​ជា​ស្រុក​ខ្មែរ​មិន​មាន​ច្បាប់​កាត់​ទោស​ប្រហារ​ជីវិត ដែល​ធ្វើ​ឲ្យ​សហគមន៍​អឺរ៉ុប និង​អង្គការ​សហ​ប្រជាជាតិ ទទួល​ស្គាល់​ថា ជា​ប្រទេស​គំរូ​មួយ​ក្នុង​ចំណោម​ប្រទេស​ពីរ នៃ​សមាគម​ប្រទេស​អាស៊ាន ក្នុង​ការ​ប្តេជ្ញា​ចិត្ត​អនុវត្ត​ច្បាប់​មិន​មាន​ការ​កាត់​ទោស​ប្រហារ ជីវិត​ក៏​ដោយ ក៏​ស្រុក​ខ្មែរ​យើង នៅ​តែ​មាន​ការ​សម្លាប់​ក្រៅ​ច្បាប់​ដោយ​ចេតនា​ក្តី និង​អចេតនា​ក្តី ដូចជា កន្លង​ទៅ មាន​ការ​សម្លាប់​អ្នក​កាសែត សកម្មជន​នយោបាយ​ជា​ពិសេស​គឺ​ការ​សម្លាប់​ដោយ​ការ​កាត់​ទោស​ពី​ហ្វូង​មហាជន ដែល​ពួកគេ​យល់​ថា ការ​ធ្វើ​ដូច​នេះ ជា​ការ​ត្រឹម​ត្រូវ​ជា​ដើម។
កាល​ពី ឆ្នាំ ២០០៥ អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​ប្រមូល​ព័ត៌មាន​អំពើ​ករណី​សម្លាប់​ដោយ​ហ្វូង​មហាជន ចំនួន ១៧ ករណី​នៅ​ទូទាំង​ប្រទេស​ដែល​ជា​ធម្មតា​ជន​រងគ្រោះ​ត្រូវ​បាន​គេ​ចោទ​ពី​បទ​ ចោរកម្ម ត្រូវ​បាន​គេ​ចាប់​ខ្លួន ហើយ​វាយ​ដំ​រហូត​ដល់​ដាច់​ខ្យល់​ស្លាប់។ នៅ​ក្នុង​នោះ​មាន ៧ ករណី​ដែល​ហេតុ​ការណ៍​កើត​ឡើង មាន​វត្តមាន​មន្រ្តី​នគរបាល តែ​មិន​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ទេ ហើយ​គ្មាន​នរណា​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ដែល​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ទាំង​នេះ ត្រូវ​បាន​គេ​យក​មក​កាត់​ទោស​ឡើយ។ ការ​សម្លាប់​ដោយ​ហ្វូង​មហាជន​នេះ​គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏ ធ្ងន់ធ្ងរ​ក្នុង​ការ​ទទួល​បាន​នូវ​ការ​កាត់​ទោស​ដោយ​យុត្តិធម៌ ហើយ​ក៏​ជា​ការ​សម្តែង​ការ​មិន​ទុក​ចិត្ត​ទៅ​លើ​នគរបាល​យុត្តិធម៌​និង ប្រព័ន្ធ​តុលាការ​ផង​ដែរ។ តាម​រយៈ​ការ​ស្ទង់​មតិ​ទៅ​លើ​យុវជន​ចំនួន ៥៨០ នាក់ នៅ​ទីក្រុង ភ្នំពេញ ចំពោះ​ការ​ជឿ​ជាក់​ទៅ​លើ​ប៉ូលិស និង​តុលាការ គឺ ៥៩ ភាគរយ​នៃ​ពួកគេ​ឆ្លើយ​ថា មិន​មាន​ជំនឿ​ទៅ​លើ​ការ​អនុវត្ត​របស់​ប៉ូលិស និង ៥៣ ភាគរយ​នៃ​ពួកគេ​មិន​មាន​ជំនឿ​ទៅ​លើ​ការ​ផ្តល់​យុត្តិធម៌​របស់​តុលាការ​ទេ (GAD/C, 2003)។
ជា ផល​វិបាក​នៃ​ឥរិយាបថ​ការ​កាត់ទោស​ដោយ​ហ្វូង​មហាជន​បែប​នេះ ប៉ះពាល់​ដល់​ប្រព័ន្ធ​យុត្តិធម៌ និង​សុវត្ថិភាព​នៅ​ក្នុង​សង្គម​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ប្រសិន​បើ​មិន​មាន​ការ​អនុវត្ត​ច្បាប់​ចំពោះ​ក្រុម​ជន​ដៃ​ដល់​ទាំង​នោះ​ទេ គឺ​គេ​អាច​យក​លេស​ក្នុង​គោល​បំណង​សម្លាប់​នរណា​ម្នាក់​ដោយ​ចោទ​ថា​ដូច នេះ ឬ​ដូច​នោះ​ជាដើម។
ឧទាហរណ៍៖ បើ​គេ​ចង់​សម្លាប់​សកម្មជន គណបក្ស​នយោបាយ​ណា​មួយ ដោយ​ចោទ​ថា ចេះ​អាប​ធ្មប់ ឬ​ក៏​គេ​ស្អប់​នរណា​ម្នាក់ គេ​នាំ​គ្នា​សម្លាប់ ហើយ​ចោទ​ថា​ជា​ចោរ​ឬ​ក៏​ទំនាស់​គ្នា​សោះ​ក៏​យក​ហ្វូង​មហាជន​កាត់​ទោស​ដែរ។ ហេតុ​ដូច​នេះ​ហើយ ការ​អន្តរាគមន៍​ដើម្បី​លុប​បំបាត់​វប្បធម៌​សម្លាប់​គ្នា ដោយ​ការ​កាត់​ទោស​ពី​ហ្វូង​មហាជន​នេះ​គឺ​ត្រូវ​តែ​អនុវត្ត​ច្បាប់ ដោយ​ស្វែង​រក​ជន​ដៃ​ដល់​នោះ​មក​កាត់​ទោស​ទៅ​តាម​ច្បាប់​វិញ។ ជាង​នេះ​ទៅ​ទៀត​ដំណោះស្រាយ​ចំពោះ​អំពើ​ហិង្សា​ប្រឆាំង​នឹង ស្ត្រី និង​ហិង្សា​តាម​រយៈ​ការ​កាត់​ទោស​ដោយ​ហ្វូង​មហាជន​នេះ​គឺ​គួរ​តែ​បង្កើត​ កម្មវិធី​អប់រំ​ចិត្ត​ឲ្យ​មាន​ធម៌​ខន្តី ការ​តាំង​សមាធិ និង​ការ​ពន្យល់​បន្ថែម​ពី​ច្បាប់​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ នៅ​តាម​សាលារៀន សហគមន៍ និង​វត្ត អារាម យ៉ាង​តិច​មួយ​ម៉ោង​ក្នុង​មួយ​សប្តាហ៍៕

No comments:

Post a Comment